១៣
ការស្ដាប់បង្គាប់អាជ្ញាធរ
១ មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងអោយមានអំណាចទាំងនោះឡើង។ ២ ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើអោយខ្លួនមានទោសមិនខាន។ ៣ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ៤ ដ្បិតលោកទាំងនោះជាអ្នកបំរើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកអោយប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាចជាអាសាឥតការទេ គឺគេជាអ្នកបំរើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោស អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ ៥ ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការផង។
៦ ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ៧ ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណាដែលបងប្អូនត្រូវកោតខ្លាច គោរពលោកណាដែលបងប្អូនត្រូវគោរព។
ការស្រឡាញ់គ្នាទៅវិញទៅមក
៨ មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមក្រឹត្យវិន័យ*ពេញលក្ខណៈ ៩ ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» ព្រមទាំងមានបទបញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថាៈ «ចូរស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ១០ អ្នកមានចិត្តស្រឡាញ់មិនដែលប្រព្រឹត្តអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើអោយក្រឹត្យវិន័យបានពេញលក្ខណៈ។
ការរៀបចំខ្លួនរង់ចាំទទួលព្រះអម្ចាស់
១១ បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។ ១២ យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្រ្ដាវុធនៃពន្លឺវិញ។ ១៣ ត្រូវរស់នៅអោយបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ ១៤ ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រិស្ដ ហើយកុំបណ្ដោយខ្លួនអោយខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។