១៤
គ្រិស្ដបរិស័ទ​ត្រូវ​យល់​អធ្យាស្រ័យ​គ្នា
១ ចូរ​ទទួល​បង​ប្អូន​ណា​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដោយ​រាក់ទាក់ មិន​ត្រូវ​រិះ​គន់​យោបល់​របស់​គេ​ឡើយ។ ២ បើ​មាន​នរណា​ម្នាក់​ជឿ​ថា​ខ្លួន​មាន​សិទ្ធិ​បរិភោគ​អ្វី​ក៏​បាន ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ បរិភោគ​តែ​បន្លែ ៣ មិន​ត្រូវ​អោយ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើលងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះជាម្ចាស់​ទទួល​អ្នក​នោះ​ដែរ។ ៤ តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បំរើ​របស់​គេ​ដូច្នេះ? អ្នក​បំរើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ក៏​ប៉ុន្តែ អ្នក​បំរើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គាត់​អោយ​ឈរ​បាន។
៥ មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​អោយ​បាន​ដិត​ដល់​ទៅ!។ ៦ ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះអម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​ព្រះអម្ចាស់ ដ្បិត​គេ​អរ​ព្រះគុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះអម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះគុណ​ព្រះអង្គ​ដែរ ៧ ព្រោះ​ក្នុង​ចំណោម​បង​ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សំរាប់​ខ្លួន​ឯង​ឡើយ ៨ ដ្បិត​បើ​យើង​រស់ យើង​រស់​សំរាប់​ព្រះអម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សំរាប់​ព្រះអម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់​ជានិច្ច ៩ ដ្បិត​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ ១០ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង​ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើលងាយ​បង​ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះជាម្ចាស់ ១១ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា
មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយបង្គំ​យើង
ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់​យ៉ាង​នោះ​ដែរ​។
១២ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។
កុំ​ធ្វើ​អោយ​បង​ប្អូន​បាត់​បង់​ជំនឿ​ឡើយ
១៣ ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​អោយ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។ ១៤ ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះអម្ចាស់យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។ ១៥ ប្រសិន​បើ​អ្នក​នាំ​អោយ​បង​ប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​អោយ​នរណា​ម្នាក់​វិនាស​បាត់​បង់​អោយ​សោះ ព្រោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​គេ​ហើយ។ ១៦ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​អោយ​គេ​មាន​ឱកាស​និយាយ​និន្ទា​បាន​ឡើយ ១៧ ដ្បិត​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត​សេចក្ដី​សុខសាន្ត និង​អំណរ​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ ១៨ អ្នក​ណា​បំរើ​ព្រះគ្រិស្ដ​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។ ១៩ ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​អោយ​មាន​សេចក្ដី​សុខ និង​អោយ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ ២០ មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​អោយ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។ ២១ ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះពាល់​របស់​ណា​ដែល​ធ្វើ​អោយ​បង​ប្អូន​ជំពប់​ចិត្ត​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។ ២២ អ្វីៗ​ដែល​អ្នក​ជឿ​ថា​ត្រឹម​ត្រូវ ចូរ​រក្សា​ទុក​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ទៅ។ អ្នក​ណា​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​ការ​យល់​ឃើញ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ! ២៣ ផ្ទុយ​ទៅ​វិញ អ្នក​ណា​មាន​ចិត្ត​សង្ស័យ​ពី​អាហារ​ដែល​ខ្លួន​បរិភោគ អ្នក​នោះ​មាន​ទោស​ហើយ ព្រោះ​ការ​យល់​ឃើញ​របស់​គេ​នោះ មិន​មែន​មក​ពី​ជំនឿ​ទេ។ ការ​អ្វី​ដែល​មិន​មែន​មក​ពី​ជំនឿ​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់។