២
សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
១ ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ ២ ចូរជំរាបលោកតាចាស់ៗ កុំអោយស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។
៣ រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជំរាបគាត់ អោយកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ* កុំអោយនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ ៤ ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងអោយចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន ៥ អោយមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
៦ រីឯពួកយុវជនវិញ ចូរដាស់តឿនគេអោយមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។ ៧ ចូរប្រព្រឹត្តអំពើល្អធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ ៨ និយាយពាក្យសំដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
៩ ចូរប្រាប់បងប្អូន ដែលជាខ្ញុំបំរើ អោយស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើអោយម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់ ១០ មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្តល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្តិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
១១ ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់ ១២ ហើយអប់រំយើងអោយលះបង់ចិត្ត ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្តធ្ងន់ សុចរិត* និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ១៣ ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ ១៤ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង ដើម្បីលោះយើងអោយរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជំរះប្រជារាស្ត្រមួយទុកសំរាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។
១៥ អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំអោយនរណាមើលងាយអ្នកបានឡើយ។