៣
របៀបរស់នៅរបស់គ្រិស្ដបរិស័ទ
១ ចូររំលឹកដាស់តឿនបងប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ ២ កុំអោយគេនិយាយអាក្រក់ពីនរណា កុំអោយគេបង្ករឿង តែអោយគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ ៣ ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរអោយស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ ៤ ក៏ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ៥ ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជំរះយើងអោយបានកើតជាថ្មី និងប្រទានអោយយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ៦ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះសង្គ្រោះរបស់យើង ៧ ដើម្បីអោយយើងបានសុចរិត*ដោយសារព្រះគុណរបស់ព្រះអង្គ ហើយអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ ៨ ពាក្យនេះគួរអោយជឿ ខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក! ៩ ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ ១០ ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេអោយចេញទៅ ១១ ដោយដឹងថាជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។
ពាក្យដាស់តឿនចុងក្រោយ
១២ ខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសអោយមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ១៣ ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូសអោយបន្តដំណើរទៅផង កុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។ ១៤ ត្រូវអោយបងប្អូនយើងរៀនប្រព្រឹត្តអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។
១៥ ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។
សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។