សេផានា
(ព្យាការីសេផានា)
១
១ នេះជាព្រះបន្ទូល ដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។
ព្រះបន្ទូលព្រមានស្រុកយូដា និងក្រុងយេរូសាឡឹម
២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងនឹងលុបបំបាត់អ្វីៗអោយអស់ពីផែនដី
៣ យើងនឹងលុបបំបាត់ទាំងមនុស្សទាំងសត្វ
យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ
ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។
យើងនឹងកំទេចអ្វីៗដែលនាំអោយ
មនុស្សអាក្រក់ជំពប់ដួល
ព្រមទាំងលុបបំបាត់មនុស្សអោយអស់ពីផែនដី
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤ យើងនឹងលើកដៃប្រហារស្រុកយូដា
និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម
យើងនឹងកំទេចអ្វីៗដែលគេនៅតែប្រើប្រាស់
សំរាប់គោរពព្រះបាល
ព្រមទាំងលែងអោយមាននរណានឹកនាដល់
ពួកអាចារ្យ និងពួកបូជាចារ្យរបស់
ព្រះនោះទៀត។
៥ យើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះ
ដើម្បីថ្វាយបង្គំផ្កាយ
ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង
ហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផង
ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
៦ យើងនឹងកំទេចអស់អ្នកដែលងាកចេញពីយើង
ជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើង
ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
ថ្ងៃរបស់ព្រះអម្ចាស់
៧ ចូរស្ងៀមស្ងាត់នៅចំពោះព្រះភក្ត្រព្រះជាអម្ចាស់
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។
ព្រះអម្ចាស់បានរៀបចំយញ្ញបូជា
ព្រះអង្គជំរះភ្ញៀវដែលត្រូវចូលរួមជប់លៀង
អោយបានបរិសុទ្ធហើយ។
៨ «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោស
ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច
ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម
សាសន៍ដទៃ។
៩ នៅថ្ងៃនោះយើងនឹងដាក់ទោសអស់អ្នកដែល
លោតពីលើក្របទ្វារព្រះវិហារ តាមរបៀប
សាសន៍ដទៃ។
យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅ និងកលល្បិច
ពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
១០ នៅថ្ងៃនោះនឹងមានឮសំរែកលេចចេញពីទ្វារមច្ឆា
សំរែកយំសោកលេចឮពីជាយក្រុងម្ខាង
ហើយសំឡេងមហន្តរាយលេចឮយ៉ាងខ្លាំង
នៅតាមភ្នំ។
១១ ប្រជាជននៅផ្សារក្រោមអើយ
ចូរនាំគ្នាស្រែកយំទៅ!
ដ្បិតអ្នកជំនួញទាំងប៉ុន្មានវិនាសអស់ហើយ
ពួកអស់អ្នកដូរប្រាក់ក៏ត្រូវអន្តរាយអស់ដែរ។
១២ នៅគ្រានោះយើងនឹងកាន់ចន្លុះ
រុករកអស់អ្នកដែលយើងត្រូវដាក់ទោស
នៅក្រុងយេរូសាឡឹម។
អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់
មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។
១៣ ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវខ្មាំងរឹបអូសយក
ផ្ទះរបស់ពួកគេនឹងក្លាយទៅជាទីស្ងាត់ជ្រងំ។
ពួកគេសង់ផ្ទះតែមិនអាចរស់នៅក្នុងផ្ទះនោះបានទេ
ពួកគេដាំទំពាំងបាយជូរ
តែពុំអាចផឹកស្រាទំពាំងបាយជូរបានដែរ»។
១៤ ថ្ងៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអម្ចាស់
នៅជិតបង្កើយហើយ
ថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗ។
ថ្ងៃដែលព្រះអម្ចាស់យាងមក
គេនឹងស្រែកយំយ៉ាងជូរចត់
សូម្បីតែទាហានដ៏អង់អាច
ក៏ស្រែកហៅគេជួយដែរ។
១៥ ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំង
ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់
ជាថ្ងៃមហន្តរាយ និងហិនវិនាស
ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ
ជាថ្ងៃដែលមានពពក ងងឹតអាប់អួ
១៦ ជាថ្ងៃដែលឮសំឡេងស្នែង
និងសំរែកសឹកសង្គ្រាមវាយយកក្រុង
ដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។
១៧ ព្រះអង្គនឹងធ្វើអោយមនុស្សលោកវេទនា
ពួកគេនឹងដើរដូចមនុស្សខ្វាក់
ដ្បិតពួកគេប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់
ឈាមរបស់ពួកគេនឹងខ្ចាយ
ទៅគ្រប់ទីកន្លែងដូចធូលីដី
សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
១៨ នៅថ្ងៃព្រះអម្ចាស់ខ្ញាល់យ៉ាងខ្លាំង
ប្រាក់ ឬមាសពុំអាចរំដោះពួកគេបានទេ។
ផែនដីទាំងមូលនឹងត្រូវរលាយ
ដោយសារភ្លើងនៃព្រះពិរោធ។
ពេលព្រះអង្គលុបបំបាត់មនុស្សទាំងអស់ពីផែនដី
ជាពេលមួយដ៏គួរអោយព្រឺខ្លាចបំផុត។